វៀតណាម ៖ វាជាទិដ្ឋភាពជាក់ស្តែងមួយ ដែលទើបនឹងកើតឡើង និងថតជាប់បាន នាពេលថ្មីៗនេះ នៅពេលអ្នកទេសចរ ត្រូវបង្ខំចិត្តលោតចូលទឹក ទាំងត្រដាបត្រដួស និងស្លន់
ស្លោ ដោយសារតែកប៉ាល់កម្សាន្ត ដែលពួកគេជិះ ស្រាប់តែត្រូវភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើង កាលពីថ្ងៃសុក្រ
សប្តាហ៍មុន នៅឯតំបន់កម្សាន្តមួយក្នុងប្រទេសវៀតណាម។ នាវាកម្សាន្តដឹកអ្នកទេសចរ ធុនធំមួយ ត្រូវគេស្គាល់ឈ្មោះថា Aphrodite Cruise Ship ត្រូវបានអណ្តាតភ្លើងឆាប
ឆេះយ៉ាងសន្ធោសន្ធៅ ពេលចតនៅផែសមុទ្រក្នុងតំបន់កើតហេតុខាងលើ។
នាវាកំសាន្ត Aphrodite Cruise Ship ដែលត្រូវភ្លើងឆេះ យ៉ាងសន្ធោសន្ធៅ
បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងទៀតថា នាវាកម្សាន្តមួយនេះ មានដឹកអ្នកដំណើរទេសចរ មិនក្រោម៤០នាក់ឡើយ ដោយក្នុងនោះភាគច្រើន គឺអ្នកទេសចរមកពី តៃវ៉ាន់, បារាំង,
ស្វីស, អង់គ្លេស, ញូវហ្សេឡែន, កូរ៉េ និងឥណ្ឌា ហើយក៏ជាសំណាងល្អផងដែរ ដោយគ្មានអ្នកណា រងគ្រោះថ្នាក់ដល់ជីវិត ពោលគឺគ្រាន់តែមានអ្នករបួសស្រាល ៤នាក់ប៉ុណ្ណោះ។
របាយការណ៍ដែលបានមកពី កាសែតវៀតណាម VN Express បានរាយការណ៍មកថា ក្រោយកើតហេតុមិនយូរប៉ុន្មាន ពោលគឺ៩នាទីក្រោយមក នាវាកម្សាន្ត Aphrodite Cruise
Ship ត្រូវបានលិចចូលក្នុងសមុទ្របាត់តែម្តង។
លោក Vu Van Duong នាយរងប៉ូលិសប្រចាំតំបន់ Quang Ninh បាននិយាយថា “មូលហេតុដែលនាំឲ្យ មានអគ្គីភ័យឆេះនាវាកម្សាន្តនេះ គឺអាចបណ្តាលមកពី ភ្លើងដែលបង្កឡើង
នៅក្នុងផ្ទះបាយ ឬក៏មានអ្នកបោះចោលកន្ទុយបារី ដោយធ្វេសប្រហែស តែយ៉ាងណាមិញ ការស៊ើបអង្កេត ជុំវិញករណីនេះ កំពុងតែធ្វើឡើងហើយ ដើម្បីស្វែងរកមូលហេតុ ពិតប្រាកដ”។
គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុនដែលជាម្ចាស់នាវាបង្កអគ្គីភ័យខាងលើ បានធ្វើការប្រកាសសងជម្ងឺចិត្ត និងថ្លៃព្យាបាល ដល់អ្នកដំណើរដែលបាន ជួបហេតុការណ៍អាក្រក់នោះផងដែរ៕
តោះចង់ដឹងថាតើ អ្នកដំណើរទាំងនោះ ប្រឹងលោតដើម្បីគេចពីគ្រោះថ្នាក់ គួរឲ្យតក់ស្លុត យ៉ាងណានោះ សូមទស្សនាវីដេអូ ទាំងអស់គ្នា៖
ប្រភព ៖ ដេលីម៉េល