អ៊ីតាលី ៖ វាជារឿងដ៏អស្ចារ្យ ដែលមេចុងភៅជាច្រើននាក់ បានប្រមូលផ្តុំគ្នា ដើម្បីបង្កើតនូវនំភីហ្សា ដ៏វែងបំផុតមួយ ដែលមិនធ្លាប់មានពីមុនមក នៅលើពិភពលោក ហើយបើគិត
ពីប្រវែងនំវិញ គឺមានដល់ទៅជិត ២គីឡូម៉ែត្រឯណោះ (លើស១ម៉ាយ ខណៈ១ម៉ាយស្មើ ១.៦ គីឡូម៉ែត្រ)។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមមេចុងភៅដែលមានសមាជិកចំនួន ១០០នាក់ បានប្រមូលផ្តុំគ្នានៅលើដងវិថីមួយ នៃទីក្រុង Naples របស់ប្រទេសអ៊ីតាលី ដែលជា
ទីកន្លែងមួយ ត្រូវបានគេស្គាល់ថា ជាទឹកដីដែលបង្កើតឲ្យមាន នំភីហ្សា ដំបូងគេនៅលើពិភពលោក ក្នុងបំណងចូលរួមបំបែកកំណត់ត្រា ដើម្បីធ្វើនំភីហ្សាមួយ ដែលមានប្រវែង
វែងជាងគេបង្អស់ ដែលមិនធ្លាប់មានពីមុនមក។
បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងទៀតថា នំភីហ្សាដ៏វែងបំផុត ដែលមានចម្ងាយជាង ២គីឡូម៉ែត្រនេះ ត្រូវការប្រើប្រាស់គ្រឿងផ្សំជាច្រើន ក្នុងនោះមានដូចជា ម្សៅ២,០០០
គីឡូក្រាម ប៉េងប៉ោះ១,៦០០គីឡូក្រាម Cheese ប្រភេទ Mozzarella ២,០០០គីឡូក្រាម ប្រេង២០០លីត្រ ស្លឹកបាសីល (Basil) ស្រស់ៗចំនួន៣០គីឡូក្រាម និងទឹកចំណុះ
១,៥០០លីត្រ។ ជាងនេះទៅទៀត ក្រុមមេចុងភៅទាំងនោះ គឺបានចំណាយពេល ដល់ទៅ១១ម៉ោង ទម្រាំអាចបង្កើតបាននូវ នំភីហ្សា ដ៏វែងបំផុតមួយនេះបាន។
លោក Alessandro Marinacci អ្នកចូលរួមម្នាក់ ក្នុងការបង្កើតនំភីហ្សាមួយនេះ បានប្រាប់ឲ្យដឹងថា “នេះពិតជារឿងដ៏មានមោទនភាពមួយ សម្រាប់ទីក្រុងរបស់យើង ដែលជា
ដើមកំណើត របស់នំភីហ្សា។ ក្នុងនោះដែរ ពួកយើងគឺបានប្រឹងប្រែង ចម្អិននំជាលក្ខណៈប្រពៃណី Neapolitan ទៀតផង”។
គូសបញ្ជាក់ផងដែរថា ការបង្កើតនំភីហ្សាដ៏វែងបំផុតនៅលើពិភពលោក សម្រាប់លើកនេះ គឺមានគោលបំណងបំបែកកំណត់ត្រាចាស់នាពេលបច្ចុប្បន្ន ដែលមានប្រវែង ១,៥៩៥
ម៉ែត្រនៅទីក្រុងមីលែន ប្រទេសអ៊ីតាលី កាលពីឆ្នាំមុន៕
ប្រភព ៖ ដេលីម៉េល