អង់គ្លេស ៖ សេចក្តីរាយការណ៍ពី BBC នៅថ្ងៃទី២២ ឧសភា នេះឲ្យដឹងថា ក្លិបបាល់ទាត់ Manchester United បានសម្រេចចិត្តចាត់តាំងលោក Jose Mourinho ជាគ្រូបង្វឹកថ្មី
របស់ខ្លួនហើយ។ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់វ័យ៥៣ឆ្នាំ លោក Jose Mourinho ដែលត្រូវបានបញ្ចប់ការងារនៅក្លិប Chelsea កាលពីខែធ្នូឆ្នាំមុននោះ ទំនងជាបានយល់ព្រម
មកដឹកនាំក្លិប Manchester United វិញ ដែលកិច្ចព្រមព្រៀងនេះ ត្រូវបានគេជឿជាក់ថា ធ្វើឡើងតាំងពីមុនពេលការប្រកួត FA Cup វគ្គផ្តាច់ព្រ័តជាមួយក្រុម Crystal Palace
នៅថ្ងៃសៅរ៍ម្សិលមិញទៅទៀត។ ដំណឹងនេះមានឡើងក្រោយពីក្រុម Man Utd មិនមានកៅអីសម្រាប់វគ្គជម្រុះ Champions League ក្រោមការដឹកនាំរបស់លោក Louis van
Gaal រួចមក ដែលជាហេតុធ្វើឲ្យក្លិប ត្រូវតែសម្រេចចិត្តផ្លាស់ប្តូរគ្រូបង្វឹកជាចាំបាច់។
យ៉ាងណាមិញ ក្លិប Man Utd មានគម្រោងនឹងធ្វើការប្រកាសជាផ្លូវការ នៅពេលខាងមុខដ៏ខ្លីនេះផងដែរ៕
ប្រភព ៖ BBC
គួររំលឹកថា កីឡាករវ័យក្មេងដ៏ឆ្នើមJames Rodriguez របស់ក្លិប Real Madrid ត្រូវបានប្រភពព័ត៌មានរាយការណ៍ឲ្យដឹងថា គេចង់ទៅលេងឲ្យក្លិបបិសាចក្រហម Manchester
United ប្រសិនបើ Real Madrid ចង់លក់រូបគេក្នុងរដូវកាលនេះ នាអំឡុងពេលបើកទីផ្សារដោះដូរកីឡាករ។ កីឡាករដែលមានដើមកំណើតក្នុងប្រទេសកូឡុំប៊ីរូបនេះ បានផ្ទេរទៅ
ក្លិប Real Madrid បន្ទាប់ពីធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ជាមួយទម្រង់លេងរបស់គេកាលពី World Cup ឆ្នាំ២០១៤។ បញ្ជាក់ផងដែរ Real Madrid អាចនឹងមានគម្រោងដាក់លក់
កីឡាកររូបនេះ ក្នុងតម្លៃ ៦៣លានផោនផងដែរ បើសិនជាក្លិបបិសាចក្រហមចង់បានមែននោះ។
គួររំលឹកផងដែរថា កាលពី James លេងឲ្យ Real Madrid ក្នុងរដូវកាលដំបូង មិនមានបញ្ហាអ្វីនោះទេ ប៉ុន្តែចូលដល់រដូវកាលទីពីរ គាត់មិនសូវបានលេង ហើយគ្រូបង្វឹកដាក់កីឡា
ករផ្សេងឲ្យលេងជំនួសកន្លែងគាត់ជាញឹកញយ។ លោក Zinedine Zidane ដែលជាគ្រូបង្វឹក គិតថាគាត់មិនសាកសមលេងក្នុងទម្រង់ ៤-៣-៣ ទើបប្តូរឲ្យកីឡាករផ្សេងមកជំនួស
វិញ ដែលធ្វើឲ្យ James បាត់បង់នូវឱកាសបង្ហាញសមត្ថភាពនៅលើទីលាន។
ចំនែកក្លិប Manchester United វិញ លោក Ed Woodward ដែលជាអនុប្រធានប្រតិបត្តិរបស់ក្លិប បានបង្ហាញនូវអារម្មណ៍ស្ទាក់ស្ទើរក្នុងការទិញកីឡាករកំពូលដែលមានតម្លៃខ្លួន
ថ្លៃរូបនេះ តែយ៉ាងណាក៏ដោយ លោកក៏បានបង្ហាញតម្រុយមួយចំនួនដែរ ដែលអាចនឹងមានភាគរយ ក្នុងការទិញកីឡាករ James Rodriguez មកលេងឲ្យក្លិប។
បើយោងតាមប្រភពសារព័ត៌មាន ESPN វិញ កីឡាដ្ឋាន Old Trafford របស់ក្លិប Manchester United ជាជំរើសទី១ របស់ James ប្រសិនបើគេពិតជាចាកចេញពី Real Madrid
មែនក្នុងរដូវកាលនេះ។ តែយ៉ាងណាក៏ដោយ ការដោះដូរត្រូវរង់ចាំសិន ដោយក្លិបត្រូវដោះស្រាយបញ្ហាអនាគត របស់លោកគ្រូបង្វឹក Louis Van Gaal ជាមុនសិន។
តើប្រិយមិត្ត ចង់ឲ្យកីឡាករ James Rodriguez មកលេងឲ្យក្លិប Manchester United ដែររឺទេ?