ដើម្បីដំណើរកម្សាន្ដដ៏រីករាយ តើអ្នកគួរត្រៀមអ្វីខ្លះទុកជាមុន?


ការធ្វើដំណើរកម្សាន្ត ត្រូវបានគេចាត់ទុកថា ជារឿងមួយដែលមិនអាចខ្វះបាន នៅក្នុងឆាកជីវិតមនុស្សម្នាក់ៗ។  មនុស្សមិនអាចឃុំខ្លួនឯង នៅតែក្នុងផ្ទះបានអស់មួយជីវិត

នោះទេ។  ការកម្សាន្តជួយបំពេញបន្ថែម នូវសេចក្តីរីករាយ ហើយវាបានធ្វើឱ្យជីវិតមានភាពស្រស់បំព្រង និងបំបាត់អស់ទុក្ខកង្វល់បានមួយរយៈដែរ។

ជាពិសេសវាបានជួយផ្សារភ្ជាប់ នូវទំនាក់ទំនងរវាងមនុស្ស និងធម្មជាតិដោយឱ្យមនុស្សចេះស្រឡាញ់ ថែរក្សាសម្បត្តិធម្មជាតិ។  ហេតុដូច្នេះការធ្វើដំណើរគួរតែត្រូវបានរៀបចំទុក

ជាមុន ពីព្រោះដោយសារតែយើងមិនអាច ទស្សន៍ទាយបានទេថានឹងមានរឿងអ្វីកើតឡើង សម្រាប់ដំណើរកម្សាន្តមួយនេះ។ តើដើម្បីការធ្វើដំណើរកម្សាន្តយ៉ាងរលូន និងប្រកប

ទៅដោយសុវត្ថិភាពខ្ពស់ អ្នកគួរចាត់ត្រៀមអ្វីខ្លះ?

១. ត្រៀមកន្លែងសម្រាក៖ គួរជារឿងដែលត្រូវធ្វើមុនគេបង្អស់ ព្រោះច្បាស់ជាគ្មាននរណាម្នាក់ចង់ទៅដើរលេងទេ បើគ្មានទីកន្លែងស្នាក់នៅឱ្យបានត្រឹមត្រូវ ឬត្រូវសម្រាកនៅ

ក្រោមដើមឈើ និងកន្លែងដែលគ្មានផាសុកភាពល្អបរិបូរណ៍។ ដូច្នេះបើអ្នកមានដំណើរកម្សាន្តទៅតំបន់រម្មណីយ៍ដ្ឋានជិតឆ្ងាយនោះ ត្រូវប្រញាប់ទាក់ទងរកសណ្ឋាគារ រីសត ផ្ទះ

សំណាក់ ឬ Home Stay ណាមួយក៏បានដើម្បីឱ្យប្រាកដចិត្តថាងាយស្រួលសម្រាប់ការស្នាក់នៅរបស់សមាជិកអ្នក។ 

២. ត្រៀមផែនការធ្វើដំណើរ៖ មានដូចជា ការជ្រើសរើសមធ្យោបាយធ្វើដំណើរ (ដោយយន្តហោះ រថភ្លើង ឡានផ្ទាល់ខ្លួន ឬឡានក្រុង ម៉ូតូ និងកង់ជាដើម...) ការកំណត់ពេល

វេលានៃការចេញដំណើរឱ្យបានច្បាស់លាស់។ ប្រសិនបើអ្នកទៅដោយយន្តហោះ រថភ្លើង ឬរថយន្តក្រុងអ្នកគួរតែប្រញាប់បញ្ជាទិញសំបុត្រទុកជាមុន និងកុំភ្លេចយកផែនទីទៅ

ជាមួយផង។ បើប្រើរថយន្តផ្ទាល់ខ្លួន គួរពិនិត្យឱ្យបានម៉ត់ចត់បំផុតយ៉ាងហោចណាស់ឱ្យបានមុនមួយអាទិត្យនៃការចេញដំណើរ ដូចជាត្រួតពិនិត្យកង់ឡាន ប្រព័ន្ធហ្រ្វាំង

ចង្កូត ប្រេងម៉ាស៊ីន ម៉ាស៊ីនត្រជាក់ឡាន ធុងទឹក និងផ្នែកផ្សេងៗទៀតជាច្រើន...ឱ្យបានរៀបរយ។ សម្រាប់អ្នកដែលចង់ធ្វើដំណើរទៅក្រៅប្រទេសគួររៀបចំលិខិតឆ្លងដែន

ទិដ្ឋាការ និងធ្វើការសិក្សាអំពីច្បាប់ប្រពៃណីនៃប្រទេសដែលត្រូវទៅនោះឱ្យបានល្អជាមុនផងដែរ។

៣. ត្រៀមសម្ភារៈប្រើប្រាស់៖ សម្រាប់អ្នកដែលធ្វើដំណើរជាញឹកញាប់គួររៀបចំរបស់របបប្រើផ្ទាល់ខ្លួនជាឈុតៗ ដូចជាកូនកាបូបដាក់ច្រាសដុសធ្មេញ ថ្នាំដុសធ្មេញ សាប៊ូ ក្រែម

ថែរក្សាស្បែក សម្លៀកបំពាក់ ស្បែកជើង...និងវត្ថុជាច្រើនទៀតដាក់ក្នុងវ៉ាលី។ មនុស្សមួយចំនួនចូលចិត្តគិតថាពួកគេនឹងទៅទិញរបស់ទាំងអស់នោះនៅតំបន់ទេសចរណ៍ តែ

វាពិតជាមានតម្លៃថ្លៃខ្លាំងណាស់ ជាពិសេសអ្នកដែលធ្វើដំណើរទៅលេងតាមកោះសមុទ្រនានា។ ដូច្នេះបើមិនចង់ខកចិត្តគួរត្រៀមអ្វីៗឱ្យស្រេចទើបជាការប្រសើរ។

៤. ត្រៀមថ្នាំ៖ ថ្នាំប្រចាំកាយពិតជាសំខាន់ខ្លាំងណាស់សម្រាប់អ្នក។ ហាមគិតដាច់ខាតថានឹងត្រូវឈប់ចុះទិញ​នៅតាមផ្លូវពេលធ្វើដំណើរ ត្រូវត្រៀមឱ្យរួចរាល់ជាមុនគ្រប់ពេល

ដើម្បីចៀសវាង ភាពមិនប្រក្រតីណាមួយដែលស្មានមិនដល់។

៥. ត្រៀមលុយកាក់៖ ប្រសិនបើគ្មានប្រាក់ការដើរកម្សាន្ត នឹងកើតឡើងដោយរបៀបណា? អ្នកគួរតែត្រៀមសាច់ប្រាក់សុទ្ធឱ្យបានគ្រប់គ្រាន់ក្នុងការធ្វើដំណើរ។ លើកលែងតែ

ថាគោលដៅដែលអ្នកចង់ទៅនោះ គឺជាទីក្រុងធំមួយដែលមានទូអេធីអឹម  ឬធនាគារទើបមិនចាំបាច់ត្រូវត្រៀមប្រាក់សុទ្ធទៅជាមួយ។ អ្វីដែលសំខាន់បំផុតបើសិនជាការធ្វើ

ដំណើរ ដែលមានរយៈពេលយូរ  ដាច់ខាតត្រូវលៃលកឱ្យបានត្រឹមត្រូវជានិច្ច  មុននឹងចំនាយទៅលើអ្វីមួយ  ដើម្បីឱ្យប្រាកដថាអ្នកនៅតែមានប្រាក់នៅសល់ខ្លះ ពេលត្រឡប់

មកផ្ទះវិញ។

៦. ចាត់ចែងការងារដែលនៅសល់ឱ្យបានរៀបរយ៖ ដំណើរកម្សាន្ត ឬទស្សនកិច្ចនេះនឹងពោរពេញទៅដោយភាពសប្បាយរីករាយ ប្រសិនបើបានជម្រះកិច្ចការនៅផ្ទះ ឬនៅ

កន្លែងការងារឱ្យបានចប់រួចរាល់។ អ្នកពិតជាមិនចង់ឱ្យមាននរណាម្នាក់មករំខានទេមែនទេ នៅពេលដែលកំពុងតែមានក្តីសុខនៅកន្លែងកម្សាន្តណាមួយ។ ដូច្នេះកុំភេ្លច

ណា! មិនត្រូវពន្យាពេលក្នុងការសម្រេចការងារទាំងនោះឡើយត្រូវធ្វើវាឱ្យរួចដើម្បីដំណើរកម្សាន្តសប្បាយគ្មានទុក្ខកង្វល់។

៧. រៀបចំអាហារ៖ មិនត្រូវរង់ចាំដល់ពេលបរិភោគ  ទើបគិតរកអាហារនោះទេ អ្នកត្រូវកំណត់  និងរៀបចំឱ្យបានត្រឹមត្រូវ ចំពោះមុខម្ហូមណាដែលអ្នកត្រូវការ។ ប្រសិនបើ

អ្នកចូលទៅកាន់តំបន់ភ្នំ  ឬទឹកជ្រោះដែលជាកន្លែងមួយដ៏ឆ្ងាយ អ្នកប្រហែលជាមិនអាចរកអ្នកលក់ចំណីបានងាយស្រួលទេ  ដូច្នេះអ្នកគួររៀបចំម្ហូបអាហារស្រស់ ឬអាហារ

ស្ងួតផ្សេងៗ ដូចជាអាហារកំប៉ុង  ឬរបស់ក្រៀមៗទៅជាមួយឱ្យហើយ បើមិនដូច្នោះទេ  អ្នកច្បាស់ជាពិបាករកអ្វីញ៉ាំមិនខាន។

៨. ត្រៀមខ្លួន៖ បើប្រាកដថាគ្រប់យ៉ាងគឺត្រៀមរួចរាល់អស់ហើយ តែសាមីខ្លួនបែរជាមានសុខភាពទ្រុឌទ្រោមដោយសារតែគេងមិនស្កប់ស្កល់ មានជំងឺ ឬភ្ញាក់ពីគេងយឺតនាំ

ឱ្យខកដំណើរច្បាស់ជារឿងមួយដ៏គួរឱ្យសោកស្តាយ។ ដូច្នេះត្រូវថែរក្សាសុខភាពរាងកាយឱ្យបានមាំទាំ គេងឱ្យបានគ្រប់គ្រាន់ និងភ្ញាក់ពីព្រលឹម ឬញ៉ាំកាហ្វេ ញ៉ាំថ្នាំពុលឡានឱ្យ

បានទាន់ពេលវេលា។ បើជាអ្នកបើកបរផងត្រូវត្រៀមខ្លួនទទួលបន្ទុកការងាររបស់ខ្លួនឯងឱ្យបានល្អបំផុតជាងអ្នកដទៃ។

៩. ត្រៀមឧបករណ៍ទំនាក់ទំនងឱ្យបានសព្វគ្រប់៖ ជឿថាការដើរលេងគ្មាននណារម្នាក់អាចស្មានដឹងមុនឡើយថានឹងមានរឿងអ្វីកើតឡើងខ្លះ? ដូច្នេះអ្នកគួរត្រៀមនូវឧបករណ៍

សម្រាប់ធ្វើការទំនាក់ទំនងគ្នាដូចជា ទូរស័ព្ទដៃ អៃកូម ឬទង់សញ្ញាផ្សេងៗឱ្យបានហ្មត់ចត់ ដើម្បីធានាសុវត្ថិភាព និងជៀសវាងពីគ្រោះថ្នាក់ទាំងឡាយដែលអាចកើតមានឡើង

ជាយថាហេតុ។ 

គ្រាន់តែប៉ុណ្ណេះអ្នកក៏អាចធ្វើដំណើរកម្សាន្ត ដោយរីករាយបានគ្រប់ពេលវេលា  និងគ្រប់ទីកន្លែងទៅហើយ។ សូមចងចាំថា “គិតមុននឹងគូរ” “ការពារប្រសើរជាងព្យាបាល” 

នោះទើបជីវិតអ្នកជួបតែរឿងល្អៗ ព្រមទាំងមានសុភមង្គលពិតប្រាកដ៕


Follow Me
Location

Visitor

My Social Channel